កុំបន្ទោសថាមានជំងឺរ៉ាំរ៉ៃគេងមិនលក់ បើយករឿងទាំងនេះដាក់ក្នុងខ្លួនហើយនោះ
“ទម្រាំគេងលក់ម្តងៗពិបាកអើយពិបាក គេងបានបន្តិចភ្ញាក់ ភ្ញាក់ហើយពិបាកគេងលក់វិញ ក្រោកពីព្រលឹមគ្មានកម្លាំងកំហែងមានអារម្មណ៍ថាគេងមិនឆ្អែតទៀត” តើអ្នកមានបញ្ហាទាំងនេះទេ? បើអ្នកមានបញ្ហាដូច្នេះ អ្នកកំពុងមានជំងឺគេងមិនលក់ហើយ!
គេងមិនលក់អាចបណ្ដាលឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់អ្នកបាន។ ប្រសិនបើអ្នកគេងមិនលក់ អ្នកប្រាកដជាពិបាកក្នុងការប្រមូលផ្ដុំនូវអារម្មណ៍ក្នុងកិច្ចការងារប្រចាំថ្ងៃ។ អ្នកអាចមានអារម្មណ៍តានតឹង និងងាយទទួលរងនូវអារម្មណ៍មួរម៉ៅ។ ការគេងមិនលក់គឺមានអត្រាខ្ពស់ចំពោះស្ត្រី មនុស្សវ័យកណ្តាលឬវ័យចំណាស់ អ្នកធ្វើការងារប្តូរម៉ោង អ្នកជំងឺទូទៅ និងអ្នកមានជំងឺផ្លូវចិត្ត។ ចំពោះមនុស្សពេញវ័យ ការគេងមិនសូវលក់គឺជារឿងធម្មតាទេ ខណៈដែលបញ្ហាមានច្រើនជាងមនុស្សវ័យកណ្តាលនិងមនុស្សចាស់។
គេងមិនលក់ចែកចេញជាពីរប្រភេទ គឺដំណាក់កាលដំបូង និងរ៉ាំរ៉ៃ។ ការគេងមិនលក់ដែលជាទូទៅមានរយៈពេលខ្លីត្រូវបានគេហៅថាការគេងមិនលក់ដំណាក់កាលដំបូង។ អ្នកអាចមានបញ្ហានេះរហូតដល់មួយខែ ដែលជារឿយៗបញ្ហានៃស្ថានភាពនេះបណ្តាមកពីស្ត្រេសទាក់ទងនឹងការងារឬជិតប្រលង។ ទន្ទឹមនឹងនេះ ការគេងមិនលក់រ៉ាំរ៉ៃមានរយៈពេលជាងមួយខែ។
វាអាចទាក់ទងទៅនឹងលក្ខខណ្ឌវេជ្ជសាស្ត្រឬជំងឺផ្លូវចិត្ត។ ការគេងមិនលក់បណ្តាលឱ្យប៉ះពាល់ដល់ប្រាជ្ញាស្មារតីដោយសារតែវាធ្វើឱ្យបាត់បង់សមត្ថភាពក្នុងការប្រមូលផ្តុំនូវអារម្មណ៍ ធ្វើឱ្យការចងចាំមិនល្អ ឆាប់មួរម៉ៅនិងបាត់បង់នូវភាពរីករាយជាមួយគ្រួសារនិងសង្គម។ លើសពីនេះទៅទៀត ការគេងមិនលក់ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺផ្លូវចិត្តដូចជា ការធ្លាក់ទឹកចិត្តឬថប់បារម្មណ៍។
ថ្នាំងងុយគេងអាចផ្តល់ជូនសម្រាប់ការគេងមិនលក់ ប៉ុន្តែវាមានគុណវិបត្តិជាច្រើនដូចជាអ្នកនឹងត្រូវការថ្នាំងងុយគេងនេះជាប្រចាំខ្វះមិនបាន ដូច្នេះហើយបានជាភាគច្រើនគេឱ្យប្រើសម្រាប់រយៈពេលខ្លីតែប៉ុណ្ណោះ ចឹងអ្នកមិនគួរធ្វើវានៅពេលគេងមិនលក់នោះទេ។ ជួនកាលអ្នកដែលគេងមិនលក់មួយចំនួនគាត់បានជ្រើសរើសយកការផឹកស្រាដើម្បីជួយឱ្យពួកគេគេងលក់ ប៉ុន្តែវាក៏មានផលប៉ះពាល់រយៈពេលខ្លីដែលបណ្ដាលមកពីស្រាផងដែរ។ ដើម្បីចៀសវាងផលប៉ះពាល់ដល់ដំណេកសូមកុំផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន សូដា ភេសជ្ជៈប៉ូវកម្លាំងនៅពេលល្ងាចឬកុំបរិភោគអាហារពេលល្ងាចច្រើនជាពិសេសមុនពេលចូលគេង។
ចឹងដើម្បីឱ្យគេងលក់បានស្កប់ អ្នកត្រូវតែកំណត់រកនូវបញ្ហាដែលបណ្តាលឱ្យគេងមិនលក់ ឬអ្នកអាចទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីពិនិត្យរកនូវរោគវិនិច្ឆ័យ។ ថ្នាំមួយចំនួនគ្រូពេទ្យអាចចេញនូវវេជ្ជបញ្ជាអោយអ្នកប្រើប្រាស់ដូចជា Benzodiazepine, Antihistamine និង Amitriptyline។ អ្នកត្រូវចងចាំថាទៅពិគ្រោះជាមួយគ្រូពេទ្យសិនចាំទទួលទានថ្នាំទាំងនេះ។
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
- ផេកហ្វេសប៊ុក Healthwise Digest
- អ៊ីមែល healthwisedigest@dksh.com.kh
- វិបសាយ www.healthwise-digest.com
ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕
ប្រភព៖ Kanha
Post a Comment