របស់៨យ៉ាងហាមឲ្យគេខ្ចីប្រើ ឬប្រើរួមគ្នា ទោះជាមួួយមនុស្សស្និទ្ធស្នាលក៏ដោយ
គ្រប់គ្នាប្រហែលបានដឹងហើយថាយើងមិនគួរខ្ចីក្រាសសិតសក់ ឬច្រាសដុសធ្មេញគ្នាប្រើនោះទេ។ ក៏ប៉ុន្តែនៅមានរបស់ប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើនទៀតដែលយើងអាចនឹងចែកគ្នាប្រើជាមួយអ្នកដទៃម្ដងម្កាល ប៉ុន្តែការពិតវាជារឿងដ៏គ្រោះថ្នាក់។ ថ្ងៃនេះ Kanha នឹងបង្ហាញជូនរបស់ ៨យ៉ាងដែលមិនគួរប្រើលើសពីម្នាក់ រួមជាមួយវិធីថែរក្សាវាឲ្យស្អាត និងមានគុណភាពល្អ៖
១. ក្រែមលាបមាត់
ជំងឺសើស្បែកផ្សេងៗងាយនឹងឆ្លងបំផុតតាមរយៈក្រែមលាបមាត់ ទាំងក្រែមស្ងួត និងក្រែមរលោង។ មេរោគខ្លះអាចឆ្លងតាមទឹករំអិលលើបបូរមាត់ ឬទឹកមាត់ បើទោះជាអ្នកមានមេរោគទាំងនោះមើលទៅគ្មានស្នាមអ្វីចេញមកក៏ដោយ។ ប្រសិនបើអ្នកមានជំងឺសើស្បែកទាំងនេះដោយឯកឯង អ្នកគួរតែទិញក្រែមថ្មីប្រើភ្លាមក្រោយជំងឺទាំងនោះជាសះស្បើយ។
៧. កាស
ត្រចៀករបស់អ្នកនឹងអាចឆ្លងមេរោគដោយសារបាក់តេរីក្នុងអាចម៍ត្រចៀកអ្នកដទៃដែលនៅជាប់នឹងកាស។ ដើម្បីការពារកុំឲ្យឆ្លងមេរោគ អ្នកគួរជូតសម្អាតវានឹងអាល់កុលយ៉ាងហោចម្ដងក្នុងមួយសប្ដាហ៍។
៦. បូចងសក់ និងឧបករណ៍មូរសក់
មេរោគផ្សិតនានាអាចនឹងចម្លងមកអ្នកបានពេលអ្នកប្រើក្រាសសិតសក់ បូចងសក់ និងឧបករណ៍មូរសក់រួមគ្នានឹងអ្នកដទៃ។ បូរចងសក់របស់អ្នកគួរតែត្រូវបានសម្អាតរៀងរាល់ពីរទៅបីសប្ដាហ៍ម្ដង តាមចំនួនប្រើតិចឬច្រើន ហើយដង្កៀប ឬប្រដាប់មូរសក់ អ្នកគួរឧស្សាហ៍លាងសម្អាតនឹងទឹកសាប៊ូនិងជូតឲ្យស្ងួត។
៥. រ៉ូលអនលាបក្លៀក
បើទោះបីផលិតផលបំបាត់ក្លិនក្លៀកជាច្រើនមានសមត្ថភាពប្រឆាំងបាក់តេរី ប៉ុន្តែវានៅតែមិនសុវត្ថិភាពឡើយបើអ្នកប្រើវាចែករំលែកជាមួយអ្នកដទៃ។
ដើម្បីឲ្យរ៉ូលអនមានប្រសិទ្ធភាពអ្នកគួរលាបវាភ្លាមៗក្រោយពីងូតទឹក ពេលដែលក្លៀកយើងនៅស្អាត។ បើចង់ប្រើវានៅចន្លោះពេលថ្ងៃ គួរជូតសម្អាតក្លៀកជាមួយក្រដាសអនាម័យសើមជាមុនសិន។
៤. កន្សែង
បើអ្នកឲ្យគេខ្ចីកន្សែងពោះគោ ពេលយកមកវិញត្រូវបោកគក់ឲ្យបានស្អាតសិន សឹមប្រើបន្ត ព្រោះកន្សែងទាំងនេះអាចនៅជាប់មេរោគផ្សិត និងបាក់តេរីជាច្រើន។ គួរបោកគក់កន្សែងដែលអ្នកប្រើយ៉ាងហោច៣ទៅ៤ថ្ងៃម្ដង ហើយត្រូវហាលឲ្យចំកម្ដៅថ្ងៃ។ កុំភ្លេចយកវាអ៊ុតផងក្រោយពេលបោកគក់ម្ដងៗ។
៣. ឧបករណ៍ធ្វើក្រចក និងកោររោម
កន្ត្រៃកាត់ក្រចក ឡាម កាំបិតកោផ្សេងៗ គឺគួរប្រើតែម្នាក់ឯងបានហើយ ព្រោះមេរោគឆ្លងតាមឈាម អាចនឹងងាយឆ្លងតាមរយៈឧបករណ៍ទាំងនេះ។ ក្រោយពីប្រើប្រាស់រួចគ្រប់ពេល អ្នកគួរសម្អាតវាជាមួយអាល់កុលឲ្យបានស្អាត។
២. ឧបករណ៍សម្រាប់ថែរក្សាស្បែក
អ្នកអាចនឹងគិតថា ជក់សម្អាតមុខ ប្រដាប់ម៉ាស្សាមុខ និងប៉ុងផ្សេងៗ គឺងាយនឹងសម្អាត។ ទោះយ៉ាងណាពេលប្រើច្រើន វានឹងមានបាក់តេរីតោងជាប់ស្អិត ដែលបណ្ដាលឲ្យមុខកើតមុន។ គួរលាងសម្អាតវានឹងទឹកសាប៊ូ ក្រោយពេលប្រើម្ដងៗ ហើយគួរផ្លាស់ប្ដូរវាចោលនៅរៀងរាល់ពីរទៅបីខែម្ដង។
១. ស្បែកជើងពាក់ក្នុងផ្ទះ
ពេលពាក់ស្បែកជើងទាំងនេះយូរ ជើងរបស់យើងនឹងចាប់ផ្ដើមចេញញើស ដែលនឹងធ្វើឲ្យមានការបង្កមេរោគផ្សិតច្រើនកើតឡើង ដូច្នេះហើយការប្រើប្រាស់វារួមគ្នា នឹងអាចឲ្យអ្នកងាយឆ្លងនូវមេរោគទាំងនោះ។ បើអាចសម្អាតបាន អ្នកគួរសម្អាតស្បែកជើងពាក់ក្នុងផ្ទះនេះម្ដងម្កាលផង ហើយមិនគួរពាក់វាលើសពី៦ខែនោះទេ ទោះវានៅល្អ ឬអ្នកចូលចិត្តវាយ៉ាងណាក៏ដោយ ៕
ប្រភព៖ Kanha
Post a Comment